គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយឯកឧត្តម កុក អាន សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ប៊ុន ស៊ី ម្តាយបង្កើតរបស់ឯកឧត្តម កុក អាន សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៤:៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខប្រកបដោយ មនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពចំពោះមរណភាព ឧបាសិកា ប៊ុន ស៊ី ម្តាយបង្កើតរបស់ឯកឧត្តម កុក អាន ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទូតជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។
សូមវត្ថុស័ក្តិសិទ្ធក្នុងលោក និងតេជបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា៖ សពឧបាសិកា ប៊ុន ស៊ី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១៩ ផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន